នាថ្ងៃអនាគត គ្រាន់តែលេបថ្នាំ 1 គ្រាប់អ្នកក៏អាចរៀនភាសាបរទេសបានដែរ! ជឿអត់? (មានវីដេអូ)
ខេមបូរីផត ជឿជាក់ថាគ្រាន់តែអ្នកទាំងអស់គ្នាបានឃើញចំណងជើងពត៌មានក្ដៅៗនេះភ្លាមប្រាកដជាភ្ញាក់ផ្អើល និងគិតថាវាមិនអាចទៅរួចនោះទេ បើគ្រាន់តែលេបថ្នាំ 1 គ្រាប់យើងអាចសិក្សា ឬយល់ដឹងអំពីភាសាបរទេសបាននោះ សូម្បីតែក្នុងខ្សែភាពយន្តក៏ពុំទាន់មានដែរ។ ជាការពិតការសិក្សាភាសាបរទេសមិនមែនងាយស្រួលដូចមាត់និយាយឡើយ យើងត្រូវដាក់កាយដាក់ចិត្តសិក្សាអំពីផ្នែកវេយ្យាករណ៍ សរសេរ ស្ដាប់ និយាយ ជាដើម ទំរាំនឹងចេះនិយាយខ្លះៗ សរសេរបានបន្តិចបន្ទួច ស្ដាប់បានតិចតួចគឺទាមទាររយៈពេលយ៉ាងហោចណាស់ក៏ 2 ឆ្នាំជាងដែរ ឬយូរជាងនេះទៅតាមអ្នកសិក្សានីមួយៗ។
ក៏ប៉ុន្តែនាយកប្រតិបត្តិរបស់ MIT Media Lab លោក Nicholas Negroponte មានភាពជឿជាក់យ៉ាងពេញទំហឹងដែលគាត់អាចនឹងធ្វើការផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកនាថ្ងៃអនាគត ជាមួយនឹងការគិតស្រមើស្រម៉ៃយ៉ាងអស្ចារ្យបំផុតដែលគាត់បានគិតគូអស់រយៈពេល 30ឆ្នាំជាងទៅហើយក្នុងមួយជីវិតរបស់គាត់នេះ ដោយយើងទាំងអស់គ្នាអាចសិក្សាភាសាណាមួយទៅតាមអ្វីដែលយើងចង់រៀន តាមរយៈការលេបថ្នាំពិសេសម្យ៉ាងចូលក្នុងពោះ។ នៅក្នុងការបង្ហាញវីដេអូខាងក្រោមលោក Nicholas បានលើកឡើងថា “តើប៉ុន្មានដងហើយនៅក្នុងជីវិតរបស់ខ្ញុំដែលបាននិយាយថា នារយៈពេល 10 ឆ្នាំទៀតវានឹងកើតឡើងយ៉ាងពិតប្រាកដមែន បន្ទាប់មក 10 ឆ្នាំបានមកដល់? ការទស្សន៍ទាយរបស់ខ្ញុំគឺយើងទាំងអស់គ្នានឹងធ្វើការលេបគ្រាប់ថ្នាំម្យ៉ាងផ្ទុកទៅដោយពត៌មានចូលក្នុងពោះ ពេលនោះយើងនឹងអាចសិក្សាភាសាអង់គ្លេសបានយ៉ាងងាយស្រួលបំផុត”។
ប្រិយមិត្តប្រហែលជាឆ្ងល់ថា បើវាពិតជាអាចកើតឡើងយ៉ាងប្រាកដមែន តើថ្នាំពិសេសនោះនឹងដំណើរការយ៉ាងណានៅក្នុងខ្លួនប្រាណមនុស្សយើង បើគ្រាន់តែលេបចូលទៅក្នុងក្រពះសោះហ្នឹង? ជាការពិតនៅពេលថ្នាំពិសេសនោះចូលទៅដល់ក្នុងក្រពះរបស់អ្នកវានឹងរលាយ ហើយជាតិរលាយទាំងនោះនឹងរត់ត្របាញ់ទៅតាមសរសៃឈាមរបស់យើងទាំងអស់គ្នា នៅពេលដែលវាចូលដល់ក្នុងសរសៃឈាមរបស់យើងរួច វានឹងបញ្ចូនទិន្នន័យទាំងនោះទៅកាន់ខួរក្បាលតែម្ដង នៅពេលនោះហើយយើងនឹងទទួលបានចំនេះដឹងជាច្រើន ដោយពុំចាំបាច់ទៅរៀនក៏អាចចេះភាសាបរទេសផងដែរ។ តើវាស្ដាប់ទៅដូចជាមិនគួរអោយជឿមែនទេ? លោក Nicholas និយាយថា ថ្នាំពិសេសនេះវានឹងកើតមានឡើងយ៉ាងពិតប្រាកដនៅក្នុងរយៈពេល 30 ឆ្នាំទៅមុខទៀត!
ទស្សនាវីដេអូបង្ហាញពត៌មានពាក់ព័ន្ធនឹងថ្នាំពិសេសដូចខាងក្រោម៖
ប្រភពៈ Slash Gear

