កូនខ្មែរបង្កើតកម្មវិធីទូរស័ព្ទដ៏​ពិសេស​មួយ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា

បញ្ហាកកស្ទះចរាចរណ៍ គឺជាបញ្ហាដ៏ធំមួយដែលយើង​កំពុង​តែ​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​កក​ស្ទះ​ចរាចរណ៍​មិន​ត្រឹម​តែ​ធ្វើ​អោយ​តែ​ធ្វើ​អោយ​យើង​ខាត​បង់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​នោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ករ​អោយ​យើង​មាន​អារម្មណ៍​ធុញ​ថប់ បង្ករ​ជា​ស្ត្រេស្ត និង​ប៉ះពាល់​ដល់​សុខ​ភាព​របស់​យើង​ផង​ដែរ។ ដោយ​សារ​តែ​ទំហំ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នេះ​កាន់​តែ​កើន​ច្រើន​ៗ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ ទើប​កូន​ខ្មែរ​ម្នាក់ សម្រេច​ចិត្ត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដ៏​ពិសេស​ម្យ៉ាង ដែល​វា​អាច​ជួយ​សម្រួល​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នេះ​អោយ​ធូរ​ស្រាល​ជាង​មុន​បាន។
 
លោក វ៉ា កូរ៉ា គឺជាស្ថាបនិកកម្មវិធី Chatomuk Traffic មាន​អាយុ​ត្រឹម​តែ 28 ឆ្នាំ​តែ​ប៉ុណ្ណោះ ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​បច្ចេក​វិទ្យា​ទំនាក់​ទំនង​មក​ពី​ក្រុង​តូក្យូ ហើយ​គាត់​ក៏​មាន​បទ​ពិសោធន៏​ធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​ជប៉ុន​ឈ្មោះ​ថា Rakuten ផង​ដែរ។ ទោះ​បី​ជាជីវិត​របស់​គាត់​នៅ​ទី​នោះ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ប្រាក់​កម្រៃ​ដ៏​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​លោក វ៉ា កូរ៉ា​មាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​ក្នុង​ការ​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួន​ឯង ហើយសម្រាប់​សមិទ្ធផល​ដំបូង​ដែល​គាត់់​បាន​បង្កើត​ឡើង​នេះគឺ​ជា​កម្មវិធី​សម្រាប់​ស្មាត​ហ្វូន ដែល​វា​ប្រើ​ដើម្បី​សម្រួល​ស្ថាន​ភាព​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ឈ្មោះ​ថា Chatomuk Traffic នេះ​តែ​ម្តង។
កម្មវិធី Chatomuk Traffic នេះ វា​គឺ​ជា​កន្លែង​ផ្តល់ និង​ទទួល​ដំណឹង​ផ្សេង​ៗ​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​ចរាចរណ៍​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង បាន​យ៉ាង​រហ័ស និង​មាន​ភាព​ងាយ​ស្រួល​បំផុត។ ឧទាហរណ៍​ថា យើង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មហាវិថី​ព្រះ​មុន្នីវង្ស ក៏​ប៉ុន្តែ​ស្រាប់​តែ​មាន​ចំណុច​កក​ស្ទះ​ដ៏​ធំ​មួយ​នៅ​ម្តុំ​អាគារ 42 ជាន់ ដូច្នេះ​យើង​គ្រាន់​តែ​បើក​កម្មវិធី Chatomuk ហើយ​រាយការណ៍​ពី​ស្ថាន​ភាព​ចរាចរណ៍​នៅ​ទីនោះ​ទៅ​ជា​ការ​ស្រេច។ កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​យើង ព្រោះ​មុន​ពេល​ដែល​យើង​ចេញ​ទៅ​កន្លែង​ណា​មួយ យើង​អាច​ឆែក​មើល​ប្លង់​សិន ថា​តើ​ចំណុច​ត្រង់​ណា​មាន​ការ​កក​ស្ទះ​ខ្លះ ដើម្បី​ប្រុង​ប្រៀប​ជិះតាម​ផ្លូវ​ដទៃ រឺ​ក៏​ផ្លូវ​វៀង​ជា​ដើម។
នៅក្នុងកម្មវិធី Chatomuk Traffic ជំនាន់ដំបូងនេះ វានៅ​មាន​ចន្លោះ​ប្រហោង​បន្តិច ប៉ុន្តែ​លោក វ៉ា កូរ៉ា និង​បន្ថែម​មុខ​ងារ​ពិសេស​ៗ​បន្ថែម​ទៀត​ទៅ​ក្នុង​កម្មវិធី​នេះ។ លោក​បាន​អោយ​ដឹង​ថា “ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​យើង​ចង់​អោយ​អ្នក​ប្រើប្រាស់​អាច​បញ្ចូល​រូបភាព​របស់​ស្ថាន​ភាព​ចរាចរណ៍ ទៅ​ក្នុង​ប្រព័ន្ធ​កម្ម​វិធី​នេះ​បាន ហើយ​យើង​ក៏​អាច​ចែក​ចាយ​នូវ​ឈ្មោះ​ផ្លូវ​ដែល​យើង​ចូល​ចិត្ត​ធ្វើ​ដំណើរ​បាន​ផង​ដែរ។ ដូច្នេះ​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ស្ទះ​ចរាចរណ៍​ត្រង់​ចំណុច​ណាមួយ​នៃ​ផ្លូវ​ដែល​ពាក់​ព័ន្ធ​នោះ យើង​នឹងធ្វើ​ការ​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​វិញ​បាន​ភ្លាម​ៗ​ផង​ដែរ”។
  
ចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ទាំងអស់គ្នា ដោយ​ដោន​ឡូដ​កម្មវីធី​នេះ​ដាក់​ស្មាត​ហ្វូន រឺ​ក៏​ថេប្លេត​របស់​អ្នក​ណា ដែល​វា​អាច​ដំណើរ​ការ​បាន​ជាមួយ​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS និង Android។ នា​ពេល​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន 3000 នាក់​ជាង​ហើយ ដូច្នេះ​បើ​យើង​ចូល​រួម​ចែក​រំលែក​ពី​ស្ថាន​ភាព​ចរារណ៍​ទាំង​អស់​គ្នា នោះ​យើង​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ។
សូមចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Chatomuk Traffic សម្រាប់ Android
សូមចុចទីនេះដើម្បីដោនឡូដកម្មវិធី Chatomuk Traffic សម្រាប់ iOS