បានអាប់ដេត iDevice របស់​អ្នក​ទៅ​កាន់ iOS 8.1 ហើយរឺនៅ?


ដូចការសន្យារបស់ក្រុមហ៊ុន Apple អញ្ចឹង ពោលខ្លួន​ពិត​ជា​បាន​បញ្ចេញ​កំណែ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8.1 ទៅ​កាន់ iDevice នៅ​ថ្ងៃ​ច័ន្ទ​ទី 20 នេះ​ពិត​ប្រាកដ​មែន ដោយ​វា​បាន​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយ​ចំនួន ហើយ​ក៏​ដោះ​ស្រាយ​បញ្ហា​របស់ iOS 8.0.2 ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​នេះ Apple ដូច​ជា​ប្រញ៉ាប់​ប្រញ៉ាល​បញ្ចេញ​កំណែ​អាប់ដេត​បន្តិច​ហើយ ដែល​អាច​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មាន​ភាព​ធុញ​ទ្រាន់​បាន ប៉ុន្តែ​អ្នក​មួយ​ចំនួន​ទៀត​ក៏​សប្បាយ​ចិត្តដែរ។
តើអ្នកទាំងអស់គ្នាបានតម្លើង iDevice របស់អ្នក​ទៅ​កាន់ iOS 8.1 ហើយ​រឺ​នៅ? បើ​នៅ​ទេ យើង​នឹង​រៀប​រាប់​ពី​លក្ខណៈ​ពិសេសៗ​របស់​វា ហើយ​សង្ឃឹម​ថា​វា​នឹង​ជា​ជំនួយ​ដល់​អ្នក​ថា​តើ​ត្រូវ​ប្រើ iOS 8.0.2 រឺ 8.1 នោះ?
លក្ខណៈពិសេសទីមួយដែល iOS 8.1 ផ្តោតសំខាន់​នោះ​គឺ​មុខងារ Apple Pay ដែល​វា​អនុញ្ញាត្ត​អោយ​អ្នក​ប្រើ​ប្រាស់ iPhone 6, 6 Plus, iPad Air 2, Mini 3 និង Apple Watch ទូទាត់​ប្រាក់​ដោយ​ប្រើ​ឧបករណ៍​របស់​គេ មិន​ចាំបាច់​ត្រូវ​ការ​កាត ATM រឺ​លុយ​សុទ្ធ​ទៀត​ឡើយ។ យ៉ាង​ណា​មិញ​ម៉ាស៊ីន​ដែល​អាច​ប្រើ​ជាមួយ Apple Pay នេះ​បាន​មាន​តែ​នៅ​ហាង​មួយ​ចំនួន​ប៉ុណ្ណោះ នៅ​សហរដ្ឋ​អាមេរិច និង​ប្រទេស​មួយ​ចំនួន ហេតុ​ដូច្នេះ​ហើយ​វា​មិន​សូវ​សំខាន់​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​ ប៉ុន្មាន​នោះទេ។
ចំពោះមុខងារផ្សេងមួយទៀតនោះគឹមុខងារ Handoff និង Continuity ដែល​វា​អនុញ្ញាត្ត​អោយ​យើង ទទួល​ការ​ហៅ​ចូល រឺ​ហៅ​ចេញ ផ្ញើ​សារ និង​ធ្វើ​មុខងារ​បន្ទាប់​បន្សំ​ទៀត​ចេញ​ពី​កុំព្យូទ័រ Mac OS X Yosemite របស់​អ្នក​វិញ។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​កុំព្យូទ័រ Mac របស់​អ្នក​ជា​ជំនាន់​ឆ្នាំ 2012 ឡើង​ទៅ​ទើប​អាច​ទ្រាំ​ទ្រ​ជាមួយ​មុខងារ​នេះបាន។
ក្នុងនោះទៀតសោត យើងក៏ឃើញមានមុខងារ iCloud Photo Library ផងដែរ ដែល​អនុញ្ញាត្ត​អោយ​យើង​រក្សា​ទុក​រូបភាព​ទុក​មួយ​កន្លែង ហើយ​វា​នឹង​បង្ហោះ​ទៅ​កាន់​អាកាស (icloud) ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។ នៅ​ក្នុង​កម្មវិធី Photo នោះ​ទៀត​ យើង​ក៏​នឹង​ឃើញ​មាន Camera Roll មក​វិញ​ដែរ ដែល​ជា​កន្លែង​មួយ​បង្ហាញ​អោយ​ឃើញ​នូវ​រូបភាព​ដែល​បាន​ថត​ដោយ​កាមេរ៉ា ដូច​ទៅ​នឹង iOS 7 ចុះ​ក្រោមដែរ។
បន្ទាប់ពីការតេស្តសាកល្បង iOS 8.1 លើទូរស័ព្ទ iPhone 5 គេ​បាន​កត់​សំគាល់​ឃើញ​ថា ដំណោះ​ស្រាយ​កម្មវិធី​ប្រើ​គាំងៗ​ត្រូវ​បាន​ដោះ​ស្រាយ ហើយ​ចំពោះ​ថាមពល​ថ្ម​វិញ​គឺ​ប្រើ​ប្រាស់​ដូច​ទៅ​នឹង iOS 8.0.2 ដែរ។ ក៏​ប៉ុន្តែ​ចំពោះ​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​វិញ​គឺ​រាង​យឺត​ជាង iOS 8.0 បន្តិច​បន្តួច ហើយ​ក៏​កាន់​តែ​យឺត​ជាង iOS 7.1.2 ផងដែរ។
សរុបសេចក្តីមក iOS 8.1 មិនត្រឹមតែមានភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​តែ​ប៉ុណ្ណោះ​ទេ តែ​បញ្ហា​បើក​កម្មវិធី​គាំងៗ រឺ​បិទ​ដោយ​ខ្លួន​ឯង​ក៏​ត្រូវ​បាន​ដោះ​ស្រាយ​ផង​ដែរ។ អ្នក​គួរ​តែ​តម្លើង​មក​ប្រើ​ប្រាស់​វា​បាន​នៅ​ថ្ងៃ​នេះ តាម​រយៈ​ចូល​ទៅ​កាន់ Setting > General > Software Update ក៏បាន រឺ​ក៏​តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ​ក៏​បានដែរ។
ឧបករណ៍ដែលអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1 បានមានដូចជាៈ
  • iPhone 4S, iPhone 5, iPhone 5c, iPhone 5S, iPhone 6, iPhone 6 Plus
  • iPad 2, iPad 3, iPad 4, iPad Air, iPad Air 2
  • iPad mini, iPad mini 2, iPad Mini 3
  • iPod touch 5th

0 comments:

Post a Comment