ហេតុផលធំៗទាំង 5 ដែលអ្នកប្រើប្រាស់​ស្មាតហ្វូន Android ចូលចិត្ត Root ទូរស័ព្ទខ្លួន

តើអ្នកទាំងអស់គ្នារាល់ថ្ងៃកំពុងប្រើប្រាស់​ស្មាតហ្វូន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ឬ iOS? បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ Android តើ​អ្នក​ដឹង​ថា Root គឺ​ជា​អ្វី​ដែរ​ឬ​ទេ? មាន​អ្នក​ខ្លះ​ប្រហែល​ជា​បាន​ដឹង​រួច​ទៅ​ហើយ តែ​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា មួយ​ចំនួន​ទៀត​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា Root ហ្នឹង​ស្អី​គេ​ឡើយ ដូច្នេះ Cambo Report សូម​និយាយ​នែ​នាំ ក៏​ដូច​ជា​ប្រាប់​អំពី​អត្ថ​ប្រយោជន៍​ធំៗ​ចំនួន 5 ដែល​ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android ចូល​ចិត្ត​ធ្វើ​ការ Root ទៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន​អោយ​អ្នក​តាម​ដាន​ពត៌មាន​ទាំង​អស់​បាន​ដឹង​គ្រប់ៗ​គ្នា​ដូច​ខាង​ក្រោម។ តែ​ជា​ដំបូង​យើង​នឹង​រៀប​រាប់​អំពី​វា​ជា​មុន​សិន។
តើ Root គឺជាអ្វី? Root គឺ​ជា​ដំណើរ​ការ​មុខងារ​មួយ​នៅ​លើ​ម៉ាស៊ីន​ស្មាតហ្វូន ឬ​ថេប្លេត​របស់​អ្នក ដើម្បី​អោយ​ម្ចាស់​ម៉ាស៊ីន​មាន​សិទ្ធ​គ្រប់​គ្រាន់​បញ្ជា​ទៅ​លើ​មុខងារ​ទាំង​អស់​របស់​ឧបករណ៍ មិន​ថា​អ្នក​ចង់​ធ្វើ​អ្វី ផ្លាស់​ប្ដូរ​អី​ទាក់​ទង​នឹង​ការ​បញ្ជា​ទៅ​លើ​ផ្នែក​ទន់ និង​រឹង (Software & Hardware) និយាយ​អោយ​ខ្លី​ទៅ​អ្នក​គឺ​ជា​អ្នក​បញ្ជា​ទៅ​លើ​ម៉ាស៊ីន អោយ​ដំណើរ​ការ​ទៅ​តាម​ចិត្ត​ចង់ ឬ​តាម​ក្បាល​វ៉ាល់។
តើខ្ញុំគួរតែ Root ម៉ាស៊ីនរបស់ខ្ញុំទេ? វាស៊ី​សង​ទៅ​លើ​ការ​ប្រើ​ប្រាស់​របស់​អ្នក បើ​អ្នក​គិត​ថា​អ្នក​មិន​សូវ​ជា​លេង​កម្មវិធី​នោះ​ទេ ហើយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ធម្មតា​ទុក​គ្រាន់​ថត​រូប ស្ដាប់​តន្ត្រី ទស្សនា​វីដេអូ ឆែក​អ៊ីនធឺណែត ឬ Call/SMS អ្នក​មិន​ចាំ​បាច់ Root នោះ​ទេ។ សម្រាប់​អ្នក​លេង​កម្មវិធី​ច្រើន​ដូច​ជា Tool កែប្រែ​កម្លាំង​ម៉ាស៊ីន ផ្លាស់​ប្ដូរ Rom ថ្មី ដាក់​ពុម្ភ​អក្សរ​ខ្មែរ……-ល- អ្នក​គួរ​តែ Root ម៉ាស៊ីន​របស់​អ្នក​ទៅ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។
តើ Root មានអត្ថប្រយោជន៍អ្វីខ្លះ? វាមាន​ផល​ប្រយោជន៍​ច្រើន​ណាស់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា បាន​ជា​អញ្ចឹង​ហើយ Cambo Report សូម​លើក​យក​ចំនុច​ធំៗ​ទាំង 5 ដែល​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Android ភាគ​ច្រើន​ចូល​ចិត្ត Root ទូរស័ព្ទ​របស់​ពួក​គេ​មក​ជម្រាប​ជូន​អោយ​បាន​ដឹង​គ្រប់ៗ​គ្នា។
អត្ថប្រយោជន៍ធំទាំង 5 មានដូចខាងក្រោមនេះ
1. អាចធ្វើការ Backup អ្វីទាំងអស់ដែលមាននៅក្នុងម៉ាស៊ីន
នាពេលបច្ចុប្បន្ននេះស្មាតហ្វូនកាន់តែទំនើប ដូច្នេះ​ហើយ​បើ​អ្នក​ហ៊ាន​តែ​ធ្វើ​អ្វី​ខុស​ឆ្គង​ពាក់​ព័ន្ធ​ទៅ​នឹង​ផ្នែក Software របស់​វា​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ខូច ឬ​ភាសា​បច្ចេកទេស​ហៅ​ថា Brick ដូច្នេះ​កាលណា​ទូរស័ព្ទ​របស់​អ្នក Brick ឬ​ខូច​ប្រព័ន្ធ​ដំនើរ​ការ គឺ​វា​មិន​អាច​បើក​ម៉ាស៊ីន​ប្រើ​ប្រាស់​បាន​នោះ​ទេ ហើយ​រាល់​កម្មវិធី ឯកសារ លេខ​ទូរស័ព្ទ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ម៉ាស៊ីន​គឺ​ត្រូវ​ខូច​ខាត​ស្ទើរ​តែ​ទាំង​អស់ ហើយ​អ្នក​អាច​ធ្វើ​ការ​ទាញ ឬ Restore បាន​តែ​កម្មវិធី​មួយ​ចំនួន​តូច រួម​នឹង Contact ឈ្មោះ​ប៉ុណ្ណោះ រី​ឯ​អ្វី​ផ្សេងៗ​ទៀត​ដូច​ជា​រូបភាព ឯកសារ​សំខាន់ៗ ហ្គេម តន្ត្រី វីដេអូ​គឺ​ត្រូវ​ខ្ទេច​ទាំង​ស្រុង។
អញ្ចឹងដើម្បីដោះស្រាយបញ្ហានេះបាន​នៅ​ពេល​ទូរស័ព្ទ Brick តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ? ជាក់​ស្ដែង​ដើម្បី Restore នូវ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ទូរស័ព្ទ​មក​វិញ​គឺ​តម្រូវ​អោយ​អ្នក​ធ្វើ​ការ Root ទូរស័ព្ទ ហើយ​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ដូច​ជា Titanium Back និង ClockworkMod Recovery ជា​ដើម ដូច្នេះ​ហើយ​អ្នក​អាច​រីក​រាយ​ធ្វើ​ការ Restore ឯកសារ​ជា​ច្រើន​ដែល​បាន​បាត់​បង់​តាម​ចិត្ត​ចង់ មិន​ថា​គេហទំព័រ​ដែល​អ្នក​ចូល​ចិត្ត​បើក​អាន​នៅ​ក្នុង​កម្មវិធី​ឆែក​អ៊ីនធឺណែត​របស់​អ្នក​ក៏​ដោយ និយាយ​រួម​ទៅ​គឺ Restore បាន 99% ឯ​ណោះ។
2. មានសិទ្ធតម្លើងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបាន
សម្រាប់អ្នកប្រើប្រាស់ Android ទាំង​អស់​ប្រហែល​ជា​ធុញ​ទ្រាន់​ណាស់​ហើយ​បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចាស់ ព្រោះ​វា​មិន​រលូន ហើយ​មិន​សូវ Support ជាមួយ​កម្មវិធី និង​ហ្គេម​ថ្មីៗ​ឡើយ។ តែ​បើ​អ្នក​មាន​ថវិកា​ច្រើន​អ្នក​អាច​ទិញ​ទូរស័ព្ទ Android ស៊េរី​ខ្ពស់ៗ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចុង​ក្រោយ​យក​មក​ប្រើ​ប្រាស់​ដែល​មាន​មុខងារ​ថ្មីៗ​ច្រើន​ដូច Android KitKat ជំនាន់ 4.4.X ដែល​ទើប​នឹង​ប្រកាស​ចេញ​ថ្មីៗ​កន្លង​ទៅ។ ខ្ញុំ​វិញ​ជឿ​ថា​មាន​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Android រាប់​លាន​នាក់​នៅ​ពេល​នេះ​មិន​ទាន់​មាន​ឱកាស Update ទៅ​កាន់ Android KitKat យក​មក​ប្រើ​ប្រាស់​នៅ​ឡើយ បើ​ទូរស័ព្ទ​អ្នក​រាង​ថ្មី​បន្តិច​នោះ​ក៏​តម្រូវ​អោយ​ចាំ 6 ទៅ 10 ខែ​ដែរ ទម្រាំ Google ឬ​ក្រុមហ៊ុន​បើក​អោយ Update។
អញ្ចឹងហើយតើអ្នកត្រូវធ្វើយ៉ាងណា​ទៅ​ដើម្បី​អាច​ប្រើ​ប្រាស់ Android ជំនាន់​ចុង​ក្រោយ ឬ​ស៊េរី​ខ្ពស់​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ចាស់​របស់​អ្នក? គឺ​មាន​តែ​វិធី 2 ប៉ុណ្ណោះ ដោយ​ធ្វើ​ការ​ចាំ Update ឬ Root ទូរស័ព្ទ​យក​តែ​ម្ដង។ ក្រោយ​ពេល​អ្នក Root ទូរស័ព្ទ​បាន​ជោគ​ជ័យ 100% អ្នក​អាច​ទៅ​កាន់​គេហទំព័រ​ផ្សេងៗ​ជា​ច្រើន ហើយ​ទាញ​យក Custom ROMs ទៅ​តាម​ចំនង់​ចំនូល​ចិត្ត​ដែល​អ្នក​ចង់​បាន តែ​ត្រូវ Download អោយ​ចំ ROMs ណា​ល្អ​ហើយ​ដំណើរ​ការ​បាន​ស្រួល​ទើប​អ្នក​អាច​ប្រើ​ប្រាស់​បាន​រីក​រាយ​នៅ​ក្នុង​ទូរស័ព្ទ។
3. កែប្រែទូរស័ព្ទអ្នកអោយប្លែក អស្ចារ្យ និងមានអារម្មណ៍ថ្មីស្រឡាង
ដូចអ្វីដែលខ្ញុំបានប្រាប់ខាងលើរួច ក្រោយ​ពេល​អ្នក Root ទូរស័ព្ទ​របស់​អ្នក​បាន​សព្វ​គ្រប់​គឺ​អ្នក​ជា​ម្ចាស់​បញ្ជា​ទៅ​លើ​អ្វីៗ​ដែល​អ្នក​ចង់​បាន ហើយ​ថែម​ទាំង​អាច​ធ្វើ​អ្វី​អោយ​ហួស​ហេតុ​ជា​ជាង​អ្វី​ដែល​ទូរស័ព្ទ​អាច​ធ្វើ​បាន​ទៅ​ទៀត។ ឧទាហរណ៍: អ្នក​ចង់​តម្លើង ឬ​កំនត់​ល្បឿន CPU របស់​ទូរស័ព្ទ ឬ​ថេប្លេត គឺ​ងាយ​ស្រួល​បំផុត​ដោយ​ប្រើ​ប្រាស់​កម្មវីធី​កែ​ប្រែ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន ដូច្នេះ​អ្នក​អាច​ទទួល​បាន​ល្បឿន​មួយ​ដែល​អ្នក​ចង់​បាន ហើយ​ឧបករណ៍​អ្នក​ក៏​អាច​ដំណើរ​ការ​បាន​រលូន​ជាង​មុន​ផង​ដែរ តែ​ត្រូវ​ប្រយ័ត្ន​ផង​ដែរ​ថា ការ​ធ្វើ​បែប​នេះ​អាច​នឹង​ខូច​ទៅ​ដល់​ផ្នែក​រឹង​របស់​ម៉ាស៊ីន។
អ្វីដែលពិសេសជាងគេគឺការផ្លាស់ប្ដូរ ROMs តាម​អំពើ​ចិត្ត​យើង អ្នក​អាច​ទាញ​យក ROMs ប្លែកៗ​មក​តម្លើង​នៅ​លើ​ទូរស័ព្ទ​របស់​យើង​បាន​យ៉ាង​ងាយ​មិន​ថា Rom នោះ​ស៊េរី​ចាស់ ឬ​ថ្មី​ឡើយ អោយ​តែ​វា​ជា ROMs សម្រាប់​ដាក់​អោយ​ដំណើរ​ការ​នៅ​លើ​ទូរស័ព្ទ​របស់​យើង។ នា​ពេល​នោះ​ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ថ្មី ហើយ​ប្លែក​អស្ចារ្យ ដូច​អ្នក​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ថ្មី​ស្រឡាង​មួយ​គ្រឿង​អញ្ចឹង ព្រោះ ROMs នីមួយៗ​មាន​រចនាបថ ឬ UI ខុសៗ​គ្នា ជា​ហេតុ​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មាន​អារម្មណ៍​ទៅ​តាម​ហ្នឹង​ដែរ ហើយ​កុំ​ភ្លេច​ណា​ទាល់​តែ​ទូរស័ព្ទ​អ្នក Root បាន​សម្រេច​ទើប​អាច​ធ្វើ​វា​ទៅ​បាន។
4. រីករាយក្នុងការប្រើប្រាស់កម្មវិធីដ៏សំបូរបែប
អ្នកប្រើប្រាស់ Android ទាំងអស់​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហា​ទាក់​ទង​នឹង​កម្មវិធី​ប្រើ​ប្រាស់ ពិសេស​គឺ​កម្មវិធី​ជំនួយ​ទៅ​ដល់​ទូរស័ព្ទ​ដូច​ជា​ប្រភេទ​ពពួក Tools សម្រាប់​មុខងារ​ពិសេសៗ​ជា​ដើម តែ​ប្រហែល​ជា​អ្នក​មិន​អាច​ប្រើ​ប្រាស់​វា​អោយ​អស់​ពី​សមត្ថភាព​ឡើយ នោះ​ក៏​ដោយសារ​តែ​កម្មវិធី​នោះ​តម្រូវ​អោយ​ទូរស័ព្ទ​យើង Root ទើប​អាច​ដំណើរ​ការ​វា​បាន​ពេញ​សមត្ថភាព​ដែល​បាន​ដាក់​អោយ​ពី​ក្រុម​អ្នក​ផលិត។
ភាគច្រើនកម្មវិធី Android ដែលសំខាន់ៗ និង​មាន​មុខងារ​សំបូរ​បែប និង​ពិសេស​គឺ​សុទ្ធ​តែ​តម្រូវ​អោយ​ទូរស័ព្ទ​នោះ Root បាន​សម្រេច​ទើប​បាន​អាច​ប្រើ​ប្រាស់​មុខងារ​របស់​វា​បាន អញ្ចឹង​បាន​ជា​ខ្ញុំ​ប្រាប់​ពី​ខាង​លើ​ហើយ​ថា បើ​អ្នក​ជា​អ្នក​លេង​កម្មវិធី​គួរ​តែ Root ទៅ​គឺ​មិន​ខក​បំណង​ឡើយ ហើយ​ការ​តម្លើង​ពុម្ភ​អក្សរ​ខ្មែរ​ក៏​ដូច​គ្នា។
5. អាច Uninstall កម្មវិធី Bloatware ដែលមិនសំខាន់ក្នុងទូរស័ព្ទ
អ្វីទៅជាកម្មវិធី Bloatware ក្នុងទូរស័ព្ទ? Bloatware​ គឺជា​កម្មវិធី​ទាំង​ឡាយ​ណា​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដូច​ជា​កម្មវិធី Calendar, Call, Message, Maps, People, Contact, Dropbox, Camera, Voice Search, Gmail, Play Store…..និង​ជា​ច្រើន​ទៀត ដែល​អ្នក​តែង​តែ​ឃើញ​មាន​ភ្ជាប់​មក​រួច​ជា​ស្រេច ហើយ​អ្នក​មិន​អាច​លុប ឬ Uninstall ពួក​វា​បាន។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​មិន​ពេញ​ចិត្ត​កម្មវិធី​នោះ ឬ​គិត​ថា​វា​មិន​បាន​ការ​សម្រាប់​អ្នក អ្នក​ក៏​អាច​ធ្វើ​ការ Uninstall វា​ចោល​បាន​ផង​ដែរ ដោយ​ប្រើ​ប្រាស់​វិធី Root ទូរស័ព្ទ។
វាមិនត្រឹមតែ Uninstall កម្មវិធីដែល​អ្នក​ទើស​ចិត្ត​ចេញ​ពី​ទូរស័ព្ទ​របស់​អ្នក​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​អាច​លុប Files ឯកសារ Core System បាន​ទៀត​ផង ធ្វើ​អោយ​ទូរស័ព្ទ​របស់​អ្នក​ចំនេញ​នូវ​មេម៉ូរី​ក្នុង​ម៉ាស៊ីន​បាន​ច្រើន​គួរ​សម។
បញ្ជាក់: ខាងលើនេះគឺ​គ្រាន់​តែ​ជា​អត្ថ​ប្រយោជន៍​ធំៗ​ទាំង 5 ប៉ុណ្ណោះ​ដែល​ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Android ទូទាំង​ពិភព​លោក​តែង​តែ Root ទូរស័ព្ទ​របស់​ពួក​គេ​ដើម្បី​មាន​សិទ្ធ​ប្រើ​ប្រាស់​ទូរស័ព្ទ​ពួក​គេ​ពេញ​លក្ខណៈ។ យ៉ា​ណា​មិញ​វា​ក៏​មាន​គុណ​វិបត្តិ​ផង​ដែរ ពិសេស​គឺ​ទូរស័ព្ទ​ថ្មីៗ​ដែល​ទើប​នឹង​ទិញ ព្រោះ​កាល​ណា​អ្នក Root ទូរស័ព្ទ​មាន​ន័យ​ថា​ការ​ធានា​ពី​ក្រុមហ៊ុន​នឹង​ត្រូវ​កាត់​ផ្ដាច់ ឬ​ត្រូវ​ចាត់​ទុក​ថា​ខុស​ច្បាប់​ក្នុង​ការ​ធានា​ពី​ក្រុមហ៊ុន អញ្ចឹង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ផង​ក្នុង​ការ Root ទូរស័ព្ទ 1 គ្រឿងៗ តែ​អ្នក​ក៏​អាច Unroot បាន​វិញ​ផង​ដែរ ដែល​គ្មាន​នរណា​ដឹង​ឡើយ ហើយ​ការ Root មិន​មែន​ដូច​គ្នា​នោះ​ទេ ទូរស័ព្ទ​ផ្សេង​គ្នា​មាន​របៀប Root ផ្សេងៗ​គ្នា ខ្លះ​ក៏​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ។