អ្នក Hacker ពីរនាក់ អះអាងថាពួកគេអាចលុប iCloud Activation ជាបណ្ដោះអាសន្នបាន
iCloud Activation គឺជាមុខងារសុវត្ថិភាពដ៏ខ្ពស់មួយរបស់ Apple ប្រើសម្រាប់ការពារ iPhone, iPad និង iPod Touch ដែលបានបាត់ រឺក៏លួច។ ក៏ប៉ុន្តែសម្រាប់អ្នកដែលទិញរបស់មួយទឹក និងបានភ្លេចលេខសំងាត់របស់គណនីខ្លួនឯងមួយចំនួន ក៏បានរងគ្រោះដោយសារ iCloud នេះផងដែរ ដែលធ្វើអោយឧបករណ៍របស់គេក្លាយជាដុំថ្ម ប្រើមិនកើត និងខាតលុយរាប់រយដុល្លាឯណោះ។ មានអ្នកប្រើប្រាស់ជាច្រើន អង្គុយរង់ចាំថា តើពេលណាទៅ មានវិធីដោះស្រាយ ក្រៅពីលក់វាកាប់សាច់?
នៅក្នុងពេលថ្មីៗនេះ អ្នកបំបែកកូដចំនួនពីរនាក់ បានប្រកាសថា ខ្លួនអាចរំលង (Bypass) iCloud Activation បានយ៉ាងងាយស្រួលបំផុត ត្រឹមតែ បី បួននាទីតែប៉ុណ្ណោ។ វិធីដែលគេប្រើ នោះមានឈ្មោះថា doulCi ដែលបានបង្កើតដោយ @AquaXetine និង @MerrukTechnolog (គណនីក្នុង Twitter)។ ពួកគេបានរៀបរាប់ពីកម្មវិធីដ៏ពិសេសរបស់គេថា “ doulCi គឺជាកម្មវិធីទីមួយបំផុត ក្នុងពិភពលោក ដែលអាចដើររំលង iCloud Activation បានយ៉ាងងាយស្រួល។ វិធីនេះ ប្រើប្រាស់សម្រាប់អ្នកណាដែលបានភ្លេច គណនី និងលេខសំងាត់របស់គេ”។
វិធីនេះ អាចប្រើបានតែនៅលើឧបករណ៍មួយចំនួនប៉ុណ្ណោះ គឺ iPod Touch, iPad ម៉ូឌែល Wi-Fi (គ្មានស៊ីម), និង iPhone 4។ ហើយសម្រាប់ iPad ប្រើស៊ីម, iPhone 4S ទៅដល់ iPhone 5S គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមួយចំនួនដំណើរការ និងមួយចំនួនទៀតមិនដំណើរការ។
យ៉ាងណាមិញ លោក Muscle Nerd ដែលជាអ្នកបង្កើតកម្មវិធី Cydia បានអោយដឹងថា វិធីនេះ គ្រាន់តែជាវិធីដោះស្រាយមួយគ្រាតែប៉ុណ្ណោះ ហើយវានឹងធ្វើអោយ iPhone ក្លាយទៅជា iPod ពោលមិនអាចប្រើប្រាស់ស៊ីមកាតបានឡើយ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីយើងធ្វើការ Restore រឺក៏តម្លើងទៅកាន់ iOS ជំនាន់ថ្មី ឧបករណ៍របស់យើងប្រាកដជាជាប់ iCloud Activation ទៀតជាក់ជាមិនខាន។
នេះគឺជារឿងពិត ពោលវិធីដោះ iCloud Activation របស់ doulCI នេះ គ្រាន់តែជាវិធីបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយវាអាចធ្វើបានតែលើ iPod, និង iPad គ្មានស៊ីមតែប៉ុណ្ណោះ។ ហើយសម្រាប់ iPhone វិញ doulCI នឹងបិទដំណើរការសេវា មិនអាចប្រើប្រាស់បាន។
អ្នកហែកកូដទាំងពីរអ្នកនេះ បានខិតខំរិះរកវិធីលុប iCloud នេះចេញអស់រយៈពេលជាង 5 ខែមកហើយ ដែលគោលបំណងរបស់គេ គឺមិនមែនដើម្បីរកលុយទេ ប៉ុន្តែដើម្បីអោយអ្នកប្រើប្រាស់ iOS ទាំងអស់ប្រុងប្រយ័ត្ននឹងបញ្ហា iCloud នេះ។ ពួកគេក៏ធ្លាប់រាយការណ៍ទៅដល់ក្រុមហ៊ុន Apple ផងដែរ ពីភាពងាយរងគ្រោះដោយសារ iCloud នេះ ក៏ប៉ុន្តែ Apple នៅមិនទាន់ឆ្លើយតបនៅឡើយទេ។ ដើម្បីតាមដានព៌តមានបន្ថែម ពីការលុប iCloud ចេញពី iPod និង iPad Wi-Fi ឧបករណ៍មួយចំនួនទៀត របស់អ្នកជាបណ្ដោះអាសន្ន អ្នកអាចតាមដានបាននៅក្នុងគណនី Twitter របស់អ្នកបំបែកកូដទាំងពីរអ្នកនេះ @Aquaxentine (https://twitter.com/AquaXetine) និង @MerrukTechnolog (https://twitter.com/MerrukTechnolog)។

