SorryLowBattery អាចជួយបដិសេធមិនអោយគេមកខ្ចី iPhone របស់អ្នក
តើអ្នកធុញទ្រាន់ដែរឬទេ នៅពេលដែលមានគេមកខ្ចី iPhone ឬ iPad របស់អ្នកយកទៅលេងហ្គេម ឬឆែកអ៊ីនធឺណែត? ជាការពិតណាស់ វាគឺជារឿងមួយដែលតែងតែកើតឡើងជារឿយៗនៅលើអ្នកប្រើប្រាស់ទូទៅ ហើយអ្នកដែលមកខ្ចីយើងនោះ ភាគច្រើនសុទ្ធជាបងប្អូន ឬមិត្តភក្ដិជិតស្និទ្ធរបស់យើង ដែលធ្វើអោយយើងពិបាកក្នុងការបដិសេធណាស់។
នៅក្នុង iPhone របស់យើងគឺមានផ្ទុកទៅដោយរូបថត និងឯកសារផ្ទាល់ខ្លួនជាច្រើនដែលយើងមិនចង់អោយអ្នកផ្សេងដឹងឡើយ ប៉ុន្ដែបើយើងប្រកែកមិនអោយគេខ្ចី វាអាចនឹងធ្វើអោយគេខឹង និងអាក់អន់ចិត្តជាមួយយើងជាក់ជាមិនខាន។ ទាក់ទិននឹងបញ្ហានេះ ខេមបូមានវិធីមួយអាចជួយអ្នកទាំងអស់គ្នាបាន ដោយគ្រាន់តែតម្លើង Tweak មួយនៅលើ iPhone របស់អ្នកជាការស្រេច។
SorryLowBattery ជា Tweak ដ៏អស្ចារ្យមួយដែលអាចក្លែងកម្រិតថាមពលថ្មរបស់ iPhone ឬ iPad ពី 0% ទៅដល់ 100% តាមដែលយើងចង់បាន។ ឧទាហរណ៍ថា ថាមពលថ្មរបស់អ្នកនៅសល់ត្រឹម 75% ប៉ុន្ដែនៅពេលដែលចូលទៅកាន់ Tweak SorryLowBattery ដោយកំនត់ថាមពលថ្មរបស់ iPhone អ្នកមកត្រឹម 5% ហើយ Enabled នោះរបាថាមពលថ្មដែលនៅផ្ទៃអេក្រង់ខាងលើផ្នែកខាងស្ដាំនឹងបង្ហាញថាថាមពលថ្មរបស់អ្នកនៅសល់ត្រឹមតែ 5% ប៉ុណ្ណោះ។ ដូចនេះ អ្នកអាចប្រើប្រាស់ Tweak មួយនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកដែលមកខ្ចី iPhone ឬ iPad របស់អ្នក ដោយកុហកពួកគេថាវាជិតអស់ថ្មហើយ។
SorryLowBattery មានដាក់អោយដោនឡូតដោយឥតគិតថ្លៃនៅក្នុង Cydia ដូចនេះអ្នកគ្រាន់តែចូលទៅកាន់ Cydia រួចស្វែងរកជាមួយនឹងពាក្យ SorryLowBattery និងតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើង Tweak នេះរួចសូមអ្នកចូលទៅកាន់ Settings ហើយចូលទៅក្នុង SorryLowBattery ដើម្បីបើក Enabled វា និងកំនត់ភាគរយថាមពលថ្មរបស់ iPhone ដែលអ្នកចង់អោយបង្ហាញ ម្យ៉ាងទៀតអ្នកក៏អាចបើកមុខងារ Disable on Threshold ដើម្បីអោយវាបង្ហាញនូវកម្រិតថាមពលថ្មពិតប្រាកដនៅពេលដែលវានៅសល់ត្រឹម 10% ឬតិចជាងនេះ។ ខេមបូ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយនឹង Tweak បញ្ឆោតមួយនេះ!
សូមបញ្ជាក់៖ រាល់កម្មវិធី Tweak និង Theme ទាំងឡាយដែលមាននៅក្នុង Cydia ពេលខ្លះអាចធ្វើអោយឧបករណ៍របស់អ្នកមានបញ្ហា ដូចនេះសូមសម្រេចចិត្តដោយខ្លួនឯងមុននឹងធ្វើការតម្លើង។ សម្រាប់ Tweak SorryLowBattery នេះ ខេមបូបានធ្វើការតេស្ដសាកល្បងរួចហើយនៅលើ iPad Air ជំនាន់ 7.0.4 ដោយមិនមានបញ្ហាអ្វីចោទឡើយ!

