របៀបដោះសោររបស់ LG G Pro 2 គឺសុវត្ថិភាពជាង iPhone 5S ទៅទៀត
អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ច្បាស់ហើយ ពីលក្ខណៈពិសេសរបស់ iPhone 5S ដែលមានសមត្ថភាពអាចស្កេនក្រយ៉ៅដៃរបស់លោកអ្នកបានយ៉ាងទំនើបបំផុត។ ដោយសារតែបច្ចេកវិទ្យាមួយនេះហើយ ទើបធ្វើអោយក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនចាប់ផ្តើមបង្កើតបច្ចេកវិទ្យាស្រដៀងគ្នានេះ ប៉ុន្តែនៅមិនទាន់មានលទ្ធផលល្អណាស់ណានោះទេ ដូចជា HTC One Max, Sky A880 ជាដើម។
ដោយឡែក G Pro 2 ដែលជាកំពូលទូរស័ព្ទថ្មីមួយទៀតរបស់ក្រុមហ៊ុន LG មិនបានបំពាក់មកជាមួយមុខងារស្កេនក្រយ៉ៅដៃដូចពាក្យចចាមអារ៉ាម និងការរំពឹងទុករបស់យើងនោះទេ ប៉ុន្តែវាភ្ជាប់មកជាមួយមុខងារដោះសារថ្មីមួយទៀត។ សម្រាប់ LG G2 យើងអាចដោះសោរបានដោយគ្រាន់តែគោះអេក្រង់ពីរដង ប៉ុន្តែសម្រាប់ Pro 2 នេះ ក្រុមហ៊ុនបានកែច្នៃវាអោយអាចប្រើប្រាស់ជាមួយនឹង Passcode។
លោកអ្នកអាចដាក់កាយវិការសម្ងាត់នៅលើ G Pro 2 របស់អ្នកបាន ហើយដើម្បីដោះវា អ្នកត្រូវចុច បី រឺក៏បួនចំណុចនៅលើអេក្រង់ដើម្បីដោះសារ។ ខណៈពេលដែលអ្នកកំពុងតែចុចចំណុច សំងាត់នៅលើអេក្រង់ ផ្ទៃអេក្រង់ទូរស័ព្ទរបស់អ្នកគឺរលត់សូន្យឈឹង ដូច្នេះគ្មាននរណាមួយអាចទាយដឹងថាតើលេខសម្ងាត់នោះគឺជាអ្វីដែរ។ ទន្ទឹមនឹងនេះដែរ យើងអាចបង្កើតចំណុចសម្ងាត់នេះ បានដល់ទៅ 86,000 ប្រភេទឯណោះ ដូច្នេះអ្នកមិនចាំបាច់ភ័យព្រួយថាមាននរណាអាចទាយត្រូវឡើយ។
តើមូលហេតុអ្វីបានជា LG និយាយថា របៀបដោះសោរថ្មីរបស់ខ្លួននេះគឺពិសេស និងសុវត្ថិភាពជាង Touch ID របស់ iPhone 5S?
សម្រាប់អ្នកប្រើប្រាស់ iPhone 5S មួយចំនួនប្រាកដជាបានដឹងរួចមកហើយថានៅពេលដែល Touch ID គេមានស្នាមឆ្កូត នោះវានឹងមិនដំណើរការបានទៀតឡើយ ហើយក៏គ្មាននរណាអាចជួសជុលបានឡើយសូម្បីតែ Apple។ មួយវិញទៀត របៀបដោះសោររបស់ iPhone 5S អាចប្រើប្រាស់បានតែមនុស្សមួយអ្នកតែប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងចង់អោយនរណាម្នាក់ទៀតខ្ចីប្រើគឺពិតជាលំបាកជាក់ជាមិនខាន។
ដើម្បីអោយដឹងជាក់ច្បាស់ថា តើរបៀបដោះសោររបស់ G Pro 2 មានភាពវ័យឆ្លាតយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា
យ៉ាងណាមិញនេះគឺជាហេតុផល ដែល LG បានលើកឡើងមកប៉ុណ្ណោះ ហើយយើងក៏មិនអាចវាយតម្លៃថា មួយណាល្អជាងមួយណាទេ ប៉ុន្តែវាអាស្រ័យលើអ្នកប្រើដោយផ្ទាល់។ សូមគូសបញ្ជាក់ម្តងទៀតដែរថា G Pro 2 គឺជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ 2014 ដែលមានអេក្រង់ 6 អ៊ីញ រ៉េម 3GB ស៊ីភីយូ SnapDragon 800 កាមេរ៉ាទំហំ 13 មេហ្គាភិចសែល អាចថតរូបកម្រិត 4K និងលក្ខណៈពិសេសផ្សេងៗទៀត។ LG មិនទាន់បញ្ជាក់ច្បាស់ពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែវានឹងចាប់ផ្តើមលក់នៅចុងខែនេះហើយ នៅប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់មកទៀតទើបដល់ទីផ្សារពិភពលោក។

