គន្លឹះក្នុងការប្រើប្រាស់កុំព្យូទ័រ ដើម្បីកុំអោយមេរោគជ្រៀតចូល បើទោះបីជាអ្នកគ្មានកម្មវិធីកម្ចាត់មេរោគ
នាពេលបច្ចុប្បន្ននេះមនុស្សគ្រប់គ្នា សឹងតែមានកុំព្យូទ័រផ្ទាល់ខ្លួនគ្រប់គ្នា ព្រោះកុំព្យូទ័រវាផ្តល់អត្ថប្រយោជន៍ច្រើន មិនថាការងារ ឬ ការសិក្សា និង មុខរបររកស៊ីផ្ទាល់ខ្លួនឡើយ ហើយវាក៏ជាជំនួយការមួយដ៏ល្អផងដែរ ជាមួយនឹងការប្រើប្រាស់វា យើងក៏ត្រូវដឹងពីគន្លឹះខ្លះៗ ដើម្បីការពារវាអោយប្រើប្រាស់បានយូរ និង បញ្ចៀសពីបញ្ហាមេរោគផ្សេងៗ ដែលធ្វើអោយយើងបាត់បង់ឯកសារ ឬ តំឡើង Windows សាជាថ្មីម្តងទៀត។

ខ្ញុំដឹងថាអ្នកគ្រាប់គ្នាភាគច្រើន ជ្រើសរើសវិធីសាស្រ្តការពារកុំព្យូទ័ររបស់ខ្លួន ដោយការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគផ្សេងៗ តែបើតាមគំនិតរបស់ខ្ញុំនិងបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាបើអ្នកមិនចេះប្រុងប្រយ័ត្ន បើទោះបីជាមានកម្មវិធីកម្ចាត់មេរោគល្អយ៉ាងណា ក៏វានៅតែអាចជ្រៀតចូលដែរ ហើយមួយវិញទៀត ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគវាក៏មានគុណវិបត្តិផងដែរ ព្រោះវាអាចលុបកម្មវិធីដែលអ្នកត្រូវការ ណាមួយចោលភ្លាមៗ ដោយសារតែបើសិនជាកម្មវិធីណាមួយ មានបង្កប់កូដ ទាក់ទងនឹងមេរោគដែលកត់ចំណាំ ក្នុងកម្មវិធីកម្ចាត់មេរោគ វានឹងដំណើរការ Scan ហើយលុបចោល។

នៅថ្ងៃនេះ ខេមបូរីផត នឹងចែករំលែកបទពិសោធន៍មួយចំនួនដល់ប្រិយមិត្ត អំពីគន្លឹះក្នុងការប្រើប្រាស់កុំព្យូទ័រ កុំអោយមេរោគជ្រៀតចូល បានដោយងាយ តែជាមុនដំបូងយើងខ្ញុំសូមណែនាំ ប្រិយមិត្តអោយយល់ដឹងពីផ្លូវ ដែលមេរោគអាចជ្រៀតចូល បានជាមុនសិន ប្រៀបដូចជាអ្នកចង់ដោះស្រាយបញ្ហាណាមួយអញ្ចឹង អ្នកក៏ត្រូវដឹងពីហេតុដែលវាកើតឡើងសិនដែរ ទើបអ្នកអាចដោះស្រាយបញ្ហានោះបាន។
ចំពោះបញ្ហាមេរោគជ្រៀតចូល ក្នុងកុំព្យូទ័រវាមានច្រើនផ្លូវរបស់វា តាមរយៈការបង្កប់ក្នុងគេហទំព័រណាមួយលើអ៊ីនធើណែត, តាមរយៈកម្មវិធីដែលដាក់អោយទាញយក និង តម្លើងលើអ៊ីនធើណែត, តាមរយៈ Flash USB ផ្សេងៗ ដែល ចម្លងតតគ្នា និង តាមរយៈ ខ្សែ Network ពីកុំព្យូទ័រដ៏ទៃទៀតផងដែរ តែករណីនេះមានតិចបំផុត ដូចចម្លងឯកសារតគ្នា ឬ ការវាយប្រហារពីកុំព្យូទ័រណាមួយ តាមរយៈបណ្តាញ Network ជាដើម។ បើនិយាយពីការប្រើប្រាស់ប្រចាំថ្ងៃ ភាគច្រើនសម្រាប់ប្រិយមិត្ត នាពេលបច្ចុប្បន្នគឺត្រូវឆ្លងមេរោគតាមរយៈ បណ្តាញអ៊ីនធើណែត តាមរយៈគេហទំព័រផ្សេងៗ ឬ តម្លើង កម្មវិធីដោយឥតគិតថ្លៃ និង ជាកម្មវិធីដែលខ្លួនចង់បានបំផុត។
ក្នុងការប្រើប្រាស់កុំព្យូទ័រប្រសិនបើអ្នកចង់ស្វែងរកឯកសារ ឬ តំណរណាមួយ អ្នកគួរតែពិភាក្សាទៅកាន់ អ្នកដែលមានបទពិសោធន៍ច្រើនជាងមុនសិន ព្រោះពួកគេស្គាល់គេហទំព័រល្អៗ និង កម្មវិធីដែលគ្មានមេរោគច្រើន តែបើអ្នកស្រាវជ្រាវដោយខ្លួនឯងអ្នកនឹងងាយឆ្លងមេរោគបំផុត ដូចជា ផ្ទាំងពាណិជ្ជកម្មលើ Browser ជាដើម ឬ ជាប់ Browser ជាមួយនឹងគេហទំព័រផ្សេងៗជាដើម និង កម្មវិធីផ្សេងៗទៀតដែលពិបាកនឹងលុប។ ការប្រើប្រាស់កុំព្យូទ័រ ដោយមានសុវត្ថិភាពបំផុត ហើយមិនចាំបាច់ប្រើកម្មវិធីកម្ចាត់មេរោគ អ្នកត្រូវប្រុងប្រយ័ត្នប៉ុន្មានចំនុចខាងក្រោមនេះ៖
- កុំបើកគេហទំព័រផ្តេសផ្តាស់ ប្រសិនបើអ្នកចង់ស្វែងរកឯកសារផ្សេងៗ អ្នកអាចសួរអ្នកមានបទពិសោធន៍ច្រើន និង សូមតំណរគេហទំព័រល្អៗ ដែលអាចទុកចិត្តបានពីពួកគេទើបជាការប្រសើរ
- កុំចុចផ្តេសផ្តាស់លើកម្មវិធីដែលមិនធ្លាប់ជួប ព្រោះជួនកាល កុំព្យូទ័រដែលអ្នកកំពុងប្រើប្រាស់សុខៗ ស្រាប់តែវាលោតជាផ្ទាំងផ្សេងៗ ឬ កម្មវិធីមិនស្គាល់អោយអ្នកចុច ទាំងនេះគឺជាមេរោគ ឬ អាចជាការវាយប្រហារពីនរណាម្នាក់ ចង់ចូលខ្លួនមកកាន់កុំព្យូទ័រអ្នកជាដើម ប្រសិនបើអ្នកជួបអ្វីដែលសង្ស័យកុំចង់ស្គាល់អី លុបចោលភ្លាម និង កុំបើកវាអោយសោះ ឬ កុំចេះតែយល់ព្រមតាម
- កុំយក Flash ផ្សេងៗមកដោតផ្តេសផ្តាស់ ព្រោះនាពេលបច្ចុប្បន្ននេះ មេរោគភាគច្រើនបង្កប់តាម Flash។ ពេលខ្លះ អ្នកត្រូវការឯកសារ ដើម្បីចម្លងពីមិត្តភក្តិរបស់អ្នក ដូច្នេះហើយអ្នកត្រូវខ្ចី Flash ពីមិត្តរបស់អ្នកជាដើម តែ ខេមបូ គិតថាអ្នកគួរតែមាន Flash ផ្ទាល់ខ្លួនមួយ ហើយមុននឹងដោតទៅកាន់កុំព្យូទ័រផ្សេងៗ មិនមែនជារបស់អ្នក អ្នកគួរតែពិនិត្យមើលជាមុនសិន ប្រសិនបើវាគ្មានមេរោគ និង គ្មានបញ្ហាអ្នកអាចដោតបាន
- ព្យាយាមពិនិត្យមើល Windows Firewall ព្រោះបើ Windows Firewall បិទអ្នកនឹងងាយរងគ្រោះការវាយប្រហារតាមរយៈបណ្តាញ Network ឬ Local អ៊ីនធើណែតណាមួយ តាមរយៈ Wifi ដែលអ្នកកំពុងភ្ជាប់នៅទីសាធារណៈជាដើម។
- កុំតម្លើង កម្មវិធីដែល Crack ច្រើន និង ហ្គេមដែល Crack ច្រើនព្រោះភាគច្រើន របស់ដែល Crack សុទ្ធតែមិនស្របច្បាប់ហើយវាពោរពេញដោយ ភាពភ័យខ្លាចមេរោគចូលខ្ពស់បំផុត អ្នកគួរតែប្រើប្រាស់កម្មវិធីណាដែលចាំបាច់បានហើយ។ មួយវិញទៀត ខ្ញុំសូមណែនាំដល់ប្រិយមិត្ត មិនគួរលេងស្តាយកុំព្យូទ័រច្រើនពេកឡើយ ផ្ទុយទៅវិញវាកាន់តែមានភាពស្មុគស្មាញ និង មេរោគចូលបានឆាប់រហ័សទៅវិញទេ គួរតែប្រើវាជាលក្ខណៈសាមញ្ញៗ បានហើយ។

0 comments:
Post a Comment