វិធីតម្លើងមុខងារ Control Center នៅលើស្មាតហ្វូន Android
Control Center គឺជាមុខងារថ្មីមួយដែលបានបំពាក់នៅលើ iPhone ជាលើកដំបូងនៅក្នុង iOS 7 ហើយវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក្នុងការបញ្ជានូវកម្មវិធី និងមុខងារចាំបាច់ខ្លះៗបានយ៉ាងរហ័ស ដោយយើងមិនចាំបាច់ចូលទៅច្រើនតង់នោះទេ។ ដូចអ្វីដែលយើងបានដឹងហើយថា នៅលើផ្ទាំង Control Center យើងអាចធ្វើការ កំនត់ពន្លឺអេក្រង់ គ្រប់គ្រងកម្មវិធីចាក់តន្ដ្រី បិទបើកមុខងារមួយចំនួនដូចជា ប៊្លូធូស, Wi-Fi, Airplane Mode និងបង្វិលអេក្រង់ (Rotate Screen) ជាដើម រួមនឹងកម្មវិធីខ្លះៗទៀតផងដែរ ដោយយើងគ្រាន់តែយកដៃយើងអូសពីលើផ្ទៃអេក្រង់ iPhone ពីក្រោមទៅលើ ផ្ទាំង Control Center នេះវានឹងលេចចេញមកតែម្ដង។ ម្យ៉ាងទៀត ការរចនាមុខងារនេះក៏មានភាពស្រស់ស្អាតគួរអោយទាក់ទាញផងដែរ ធ្វើអោយអ្នកប្រើប្រាស់ភាគច្រើនពេញចិត្តនឹងវាណាស់។
ដោយឡែកសម្រាប់ទូរស័ព្ទដំណើរការដោយ Android វិញក៏មានរបាផ្ទាំងបង្ហាញដំណឹង (Notification bar) របស់ខ្លួនដែរទៅតាមស៊េរីស្មាតហ្វូនផ្សេងៗគ្នា ហើយនៅលើផ្ទាំងនេះក៏អាចអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការកំនត់ ក៏ដូចជាប្រើមុខងារចាំបាច់មួយចំនួនបានរហ័សផងដែរ ប៉ុន្ដែប្រសិនបើអ្នកកំពុងប្រើប្រាស់ស្មាតហ្វូន Android ហើយចង់បានមុខងារ Control Center ដូច iPhone ដែរនោះតើវាអាចទៅរួចទេ? ជាការពិតណាស់ នេះមិនមែនជារឿងលំបាកនោះទេ យើងក៏អាចដាក់មុខងារ Control Center នេះនៅលើទូរស័ព្ទ Android ជាទីស្រលាញ់របស់យើងបានដែរ ដោយគ្រាន់តែតម្លើងកម្មវិធីមួយដែលមានឈ្មោះថា iOS Control Center ពីក្នុង Google Play Store តែប៉ុណ្ណោះ។
iOS Control Center ជាកម្មវិធីមួយដែលធ្វើការច្នៃប្រឌិតឡើងចេញពី Control Center របស់ iOS 7 ដោយយើងគ្រាន់តែយកដៃអូសពីក្រោមឡើងទៅលើ វានឹងលេចចេញមកតែម្ដង ហើយយើងអាចធ្វើការកំនត់មុខងារជាច្រើនដូចជា iPhone ដែរ ប៉ុន្ដែការរចនារបស់វាគឺមិនដូច iPhone ទាំងស្រុងនោះទេ ដោយឡែកវាក៏បានបន្ថែមនូវកម្មវិធីខ្លះៗទៀត ដែលយើងអាចកំនត់វាបានតាមចិត្ត។
ដើម្បីតម្លើងកម្មវិធីនេះ សូមអ្នកទាំងអស់គ្នាចូលទៅកាន់ Google Play Store រួចធ្វើការស្វែងរកជាមួយនឹងពាក្យ iOS Control Center បន្ទាប់មកអ្នកនឹងឃើញកម្មវិធីមួយឈ្មោះថា iOS Control Center – QuickToggle រួចធ្វើការតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើងកម្មវិធីនេះរួច អ្នកគ្រាន់តែបើកវារួចធ្វើតាមការណែនាំងាយៗ ដែលកម្មវិធីនេះបង្ហាញ ហើយកុំភ្លេចកំនត់ Default កម្មវិធីនេះ ដើម្បីអោយងាយស្រួលក្នុងការអូសលើអេក្រង់ពីក្រោមឡើងលើ ចេញនូវកម្មវិធីនេះតែម្ដង ម្យ៉ាងទៀតអ្នកអាចធ្វើការច្នៃ និងកំនត់កម្មវិធីនេះបានដោយខ្លួនឯង។
ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចសាកល្បងកម្មវិធីនេះដោយមិនគិតថ្លៃពីក្នុង Google Play Store!


