ជឿទេថា iPad តែមួយ ប៉ុន្តែអាចប្រើបានទាំង iOS 5, 6 និង 7 ក្នុងពេលតែមួយ
វាគឺជារឿងមួយដែលមិនអាចទៅរួចសោះឡើយ ដែល iPad របស់យើងធម្មតា ប៉ុន្តែវាអាចប្រើប្រាស់បាន iOS ដល់ទៅបីឯណោះក្នុងពេលតែមួយ គឺ iOS 5.1, iOS 6.1.3 និង iOS 7.0.6។ វិធីផ្លាស់ប្តូរ iOS នីមួយៗគឺមានភាពងាយស្រួលណាស់ គ្រាន់តែបិទ iPad ចោល ហើយ Boot វាដោយប្រើប្រាស់កុំព្យូទ័រជាការស្រេច។
អ្នកដែលបង្កើតវិធីនេះគឺកំពូលអ្នកហែកកូដ Winocm ដែលជា Hacker ដ៏ល្បីមួយរូបក្នុងការបង្កើតកម្មវិធី Jailbreak និងមានអ្វីជាច្រើនទៀត។ គាត់ធ្លាប់បានប្រកាសពីការលាឈប់របស់គាត់ ហើយទៅធ្វើការអោយ Apple វិញកាលពីខែមុនរួចទៅហើយ ប៉ុន្តែគាត់នៅតែបញ្ចេញស្នាដៃពិសេសៗរបស់គាត់អោយយើងបានមើលទៀត។ គាត់បានជ្រើសរើសយក iPad 2 មួយ ដែលដំណើរការដោយ iOS 5.1 បន្ទាប់មកទៀតគាត់ក៏បានបិទវា ភ្ជាប់ទៅកាន់កុំព្យូទ័រ និង Boot ទៅជា iOS 6.1.3 ដោយចំណាយពេលត្រឹមតែ 30 វិនាទីតែប៉ុណ្ណោះ។ បន្ទាប់មកទៀត គាត់ក៏សាកល្បង Boot ទៅកាន់ iOS 7.0.6 ម្តង ហើយវាគឺពិតជាងាយស្រួលហួសពីការស្មាន។
ដើម្បីដឹងអោយកាន់តែច្បាស់ថា តើ Winocmm ធ្វើវាបានដោយរបៀបណានោះ សូមទស្សនាខ្សែវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា
ដូចដែលយើងឃើញក្នុងវីដេអូអញ្ជឹង គាត់បាន Boot ទៅកាន់ iOS នីមួយៗគឺមានភាពងាយស្រួលណាស់ ដោយគ្រាន់តែដោតភ្ជាប់ទៅកាន់កុំព្យូទ័រ ហើយរង់ចាំមួយភ្លែតជាការស្រេច។ ប៉ុន្តែយើងគ្មានសង្ឃឹមទេថា Winocm នឹងបញ្ចេញកម្មវិធីដ៏ពិសេសមួយនេះអោយយើងប្រើប្រាស់ ព្រោះអី Winocm ត្រៀមទៅធ្វើការអោយ Apple ទៅហើយ។ តួយ៉ាងដូចអាទិត្យមុនអញ្ជឹង លោក Winocm បាន Untether Jailbreak iPhone 4 បានដោយសម្រេច និងជោគជ័យនៅលើ iOS 7.1 ប៉ុន្តែគាត់នឹងមិនបញ្ចេញកម្មវិធីអោយយើងទាំងអស់គ្នាប្រើប្រាស់ឡើយ។
សង្ឃឹមថាគាត់នឹងផ្លាស់ប្តូរចិត្តគាត់ ហើយបញ្ចេញកម្មវិធីមួយនេះទៅចុះ ព្រោះអីសព្វថ្ងៃនេះខ្ញុំកំពុងប្រើប្រាស់ iPad ដំណើរការដោយ iOS 7.1 ដែលមិនអាច Jailbreak បានឡើយ។ ហើយបើយើងអាចប្រើប្រាស់ iOS បានដល់ទៅពីរ រឺក៏បីនៅលើ iDevice តែមួយ នោះវាប្រហែលជាឈរនៅលំដាប់កំពូលហើយ នៃប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទ។
