របៀប ស្តាប់ចម្រៀងចេញពី Youtube បណ្តើរ និងធ្វើអ្វីផ្សេងបណ្តើរនៅលើ iOS
ការស្តាប់តន្ត្រីគឺជាចំណង់ចំណូលចិត្តមួយរបស់មនុស្សគ្រប់គ្នាព្រោះអីវាជួយសម្រាលអោយយើងមានអារម្មណ៍ស្រស់ថ្លា និងបំបាត់ភាពតានតឹងជាដើម។ ក៏ប៉ុន្តែយើងក៏តែងទទួលការរំខានពីការស្តាប់តន្ត្រីច្រើនដែរពីទូរស័ព្ទរបស់យើង ពោលវាមិនអាចធ្វើតាមនូវអ្វីដែលយើងចង់បាន។ កាលពីមុន មនុស្សភាគច្រើនលេងតន្ត្រីចេញពីកម្មវិធី Music ដែលមានស្រាប់នៅក្នុងទូរស័ព្ទរឺម៉េមូរី ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនលេងតន្រ្តីតាមរយៈអ៊ីនធឺណែតវិញ ដូចជាកម្មវិធី iTunes radio, រឺក៏ Youtube ជាដើម។
ក៏ប៉ុន្តែ ប្រសិនបើអ្នកកំពុងតែស្តាប់តន្រ្តីតាមរយៈ Youtube ហើយនៅពេលដែលចុចប៊ូតុង Home ដើម្បីទៅប្រើប្រាស់កម្មវិធីដទៃនោះ សម្លេងវានឹងឈប់ដើរតែម្តង។ កាលពី iOS 6 ចុះក្រោម យើងអាចលេងតន្រ្តីក្នុង Youtube បណ្តើរ និងប្រើប្រាស់កម្មវិធីដទៃបណ្តើរ ប៉ុន្តែនៅក្នុង iOS 7 គឺវាខុសគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មានគន្លឹះក្នុងការស្តាប់ចម្រៀងនៅក្នុង Youtube បណ្តើរ និងប្រើប្រាស់កម្មវិធីផ្សេងទៀតដែរ។
- សូមប្រើប្រាស់កម្មវិធីបើកអ៊ីនធឺណែតណាមួយក៏បាន ដូចជា Safari, Google Chrome រឺក៏ UC browser រួចហើយបើកបទចម្រៀងណាមួយដែលយើងចង់ស្តាប់។ យើងក៏អាចប្រើប្រាស់កម្មវិធីផ្សេងទៀតដែរ ដូចជា Tubemate, Video tube free ជាដើម។
- ខណៈពេលដែលវាកំពុងលេង សូមចុចប៊ូតុង Home នោះសម្លេងវានឹងឈប់ដំណើរការ
- សូមចូលទៅកាន់ Control Centre ដោយចុចពីក្រោមទៅលើរួចហើយចុចប៊ូតុងលេងចម្រៀង ដែលស្ថិតនៅផ្នែកខាងឆ្វេងគេ នោះអ្នកនឹងលឺចម្រៀងបន្លឺសម្លេងជាក់ជាមិនខាន។
- យើងក៏អាចប្រើវិធីនេះ ទៅលើវេបសាយផ្សេងក្រៅពី Youtube ផងដែរ។
វាគឺជាគន្លឹះដ៏តូចតាចមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយសម្រួលការប្រើប្រាស់របស់អ្នកអោយមានភាពងាយស្រួលច្រើន ជាពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្ត្រីតែម្តង។ ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកកំពុងប្រើប្រាស់ iDevice ដែលបាន Jailbreak វិញ យើងសូមណែនាំនូវ Tweak ដែលមានឈ្មោះថា “ Video pane” ដែលវាអាចបង្ហាញវីដេអូខណៈពេលយើងប្រើកម្មវិធីដទៃបាន ស្រដៀងនឹងពពួកទូរស័ព្ទ Android ដែរ។


